ឯកឧត្ដម ថោង ខុន និងឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានរួមគ្នាកាន់បិណ្ឌទី១១ នៅវត្តស្វាយជីអោក ស្រុកបារាយណ៍

ឯកឧត្ដម ថោង ខុន និងឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានរួមគ្នាកាន់បិណ្ឌទី១១ នៅវត្តស្វាយជីអោក ស្រុកបារាយណ៍
 
(កំពង់ធំ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរួមគ្នាកាន់បិណ្ឌវេន ទី១១ នៅវត្តស្វាយជីអោក ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាមួយនឹងទឹកចិត្តជ្រះថ្លានេះ បានធ្វើប្រជាពុទ្ធបរិស័ទខ្មែរបង្ហាញទឹកមុខញញឹមរាក់ទាក់ រីករាយនឹងការចូលរួមរបស់ថ្នាក់ដឹកនាំទាំងពីរ និងក្រុមការងារជាខ្លាំង។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាញក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការទាំងប្រាំពីរសន្តាន។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានបួងសួង និងឧទ្ទិសនូវមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរយុទ្ធជន-យុទ្ធនារី ដែលបានបូជាជីវិតលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជានាពេលកន្លងមក សូមឱ្យបុណ្យកុសលដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១១នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នេះជាលើកទី១ហើយ ដែលឯកអគ្គរាជទូតជប៉ុន និងសហការីបានចូលរួមកាន់បិណ្ឌនៅវត្តស្វាយជីអោក ស្រុកបារាយណ៍ ជាមួយប្រជាពុទ្ធបរិស័ទខ្មែរ។ ឯកឧត្តម ថោង ខុន ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា តាំងពីបាតដៃទទេររហូតមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ដូចជា ស្ពាន ផ្លូវ ថ្នល់ សាលារៀន និងបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនផងដែរ។
លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះលោក ថោង ខុន និងប្រជាជនកម្ពុជាទាំងអស់សម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ ជាពិសេសមកដល់ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ព្រមទាំងមន្ត្រីរាជការ និងក្រុមការងារបានប្រគេនទេយ្យទានមួយចំនួនធំដល់ព្រះសង្ឃ និងបានចូលរួមជាបច្ច័យកសាងចំនួន ៦លាន២សែនរៀល ចំណែកឯលោកឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ ចូលរួមជាបច្ច័យកសាងចំនួន ៣០០ដុល្លារ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។ យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ ក្នុងថ្ងៃកាន់បិណ្ឌ។
ក្រោយបញ្ចប់ពិធីកាន់បិណ្ឌ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានអញ្ចើញទស្សនកិច្ចសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ផងដែរ៕



Share This