ក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលីសូមទោស និងកែតម្រូវព័ត៌មាន ដែលធ្វើឱ្យយល់ច្រឡំថា ប្រាសាទអង្គរវត្តរបស់ខ្មែរនៅលើប្រទេសវៀតណាម

ក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលីសូមទោស និងកែតម្រូវព័ត៌មាន ដែលធ្វើឱ្យយល់ច្រឡំថា ប្រាសាទអង្គរវត្តរបស់ខ្មែរនៅលើប្រទេសវៀតណាម
 

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗទាំងយប់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើក្រុមហ៊ុនទេសចរណ៍ “Wendy Wu Tours” កែសម្រួលកំហុសឆ្គង នៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។ ក្រោយពេលដែលក្រុមហ៊ុននេះ បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់លើគេហទំព័រ តែបែរជាសរសេរអក្សរវៀតណាម បណ្ដាលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងនោះ។ 

ក្រុមហ៊ុនបានតបសារសុំទោសនូវកំហុសខុសឆ្គង តាមរយៈ Facebook Page និង E-mail ព្រមទាំងកែសម្រួលខ្លឹមសារមួយចំនួនផងដែរ។ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួង បន្តទំនាក់ទំនង​ផ្ទាល់ជាមួយក្រុមហ៊ុន Wendy Wu Tours ដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសអង់គ្លេស ឱ្យមានការសុំទោសជា “លិខិតផ្លូវការ” នូវកំហុសខុសឆ្គងកន្លងមក មកក្រសួងទេសចរណ៍។

ពេលនេះក្រុមហ៊ុន Wendy Wu Tours ក៏បានឆ្លើយតប និងទទួលស្គាល់កំហុសតាមរយៈលិខិតជាផ្លូវការ ព្រមទាំងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសកម្ពុជា ទៅលើទីផ្សារអង់គ្លេស អូស្ត្រាលី និងនូវែលហ្សេឡង់។

 

 

 

Share This