រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់ហោង» នៅខេត្តត្បូងឃ្មុំ កំពុងទាក់ទាញភ្ញៀវទេសចរណ៍

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក អឿន រិទ្ធ ប្រធានមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ បានចុះពិនិត្យរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីកែលម្អសោភ័ណភាពឲ្យមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ។ ក្នុងដំណើរបេសកម្មនោះបានដឹកដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងអភិបាលរងខេត្តមួយចំនួនទៀត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ សសយក និងមន្ត្រីពាក់ព័ន្ធ។
ក្រោយពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរដែនដី ធ្វើការសាងសង់ស្ពានឆ្លងអូរ ដាំកូនឈើ និងរៀបចំទីតាំងបរិវេណជុំវិញឲ្យបានស្អាត ឲ្យក្លាយទៅជារមណីយដ្ឋានគំរូប្រចាំខេត្ត តាមផែនការរបស់រដ្ឋបាលខេត្ត ដើម្បីទាក់ទាញស្រូបយកភ្ញៀវទេសចរ មកកម្សាន្តតំបន់ធម្មជាតិទឹកធ្លាក់ខួបប្រាំងខួបវស្សានេះ។
សូមជម្រាបថា រមណីយដ្ឋានទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត។
ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។
ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយល្បឿនទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។








Share This