លោក ស៊ូ លីយី (Xu Liyi) អភិបាលក្រុងហ្សេងចូវ ខេត្តហឺណាន ថ្លែងអំណរគុណឯកឧត្តម ថោង ខុន ដែលបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការម៉ាស់ពេទ្យ

(ក្រុងហ្សេងចូវ ខេត្តហឺណាន)៖ តាមរយៈលិខិតរបស់រដ្ឋបាលក្រុងហ្សេងចូវ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ូ លីយី (Xu Liyi) អភិបាលក្រុង បានថ្លែងអំណរគុណចំពោះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដែលបានបរិច្ចាកម៉ាស់ពេទ្យចំនួន ០១មុឺន ដល់រដ្ឋបាលក្រុងហ្សេងចូវ សម្រាប់គ្រូពេទ្យប្រើប្រាស់ប្រចាំថ្ងៃដើម្បីទប់ទល់ទៅនឹងការឆ្លងនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ដែលនេះជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែង។

លិខិតនេះមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

ខ្ញុំរីករាយដែលបានទទួលនូវលិខិតរបស់ឯកឧត្តម ថោង ខុន ក្នុងពេលដ៏សំខាន់នេះនៅក្នុងប្រទេសចិន ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមេរោគ (COVID-១៩)។ លិខិតរបស់ឯកឧត្តម បានបញ្ជាក់សំដែងនូវការអាណិតអាសូរ និងការបរិច្ចាកម៉ាស់ពេទ្យ ដល់រដ្ឋបាលក្រុងហ្សេងចូវ តាមរយៈស្ថានតំណាងក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជា និងចិន ក៏ដូចជាប្រជាជនហ្សេងចូវ ដែលនេះក៏បង្ហាញពីសាមគ្គីភាពរបស់ឯកឧត្តម ជាមួយយើងខ្ញុំក្នុងការប្រយុទ្ធទប់ទល់ជំងឺឆ្លងនេះ។ យើងខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរឿងនេះ។

នៅថ្ងៃទី ២០ ខែមករា កន្លងទៅ យើងមានការប្រជុំយ៉ាងរាក់ទាក់ និងកក់ក្តៅនៅហ្សេងចូវ។ យើងបានផ្លាស់ប្តូរទស្សនៈ និងឈានដល់ចំណុចទូលំទូលាយនៃការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងក្រុងហ្សេងចូវ។ តែជាការគួរឱ្យសោកស្តាយ ដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លង Covid-19 ដែលបណ្តាលអោយប៉ះពាល់ដល់ការអនុវត្តនៃកិច្ចសហប្រតិបត្តិការនេះ។

វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុងហ្សេងចូវ ដែលក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាជ្រើសរើសយកសម្រាប់ធ្វើពិធីបិទឆ្នាំនៃទេសចរណ៍វប្បធម៌ ចិន-កម្ពុជា និងការជំរុញឲ្យមានការបើកជើងហោះហើរត្រង់។ យើង​មានឆន្ទៈសហការជាមួយឯកឧត្តម និងបន្តអនុវត្តការងារនេះទៅមុខទៀត។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងបង្កើតក្រុមការងារមួយសម្រាប់ពិធីបិទនេះ តាមរយៈការពង្រឹងការប្រាស្រ័យទាក់ទងគ្នាយ៉ាងទូលំទូលាយក្នុងការរៀបចំ និងធានាដំណើរការរៀបចំព្រឹត្តិការណ៍នេះដោយរលូន។

និទាឃរដូវនឹងឈានមកដល់ ហើយផ្កានឹងរីក។ និទាឃរដូវគួរឱ្យស្រឡាញ់នេះ ខ្ញុំរង់ចាំជួបឯកឧត្តមថ្មី។ សូមអរគុណម្តងទៀតចំពោះការព្រួយបារម្ភរបស់ឯកឧត្តមអំពីស្ថានភាពរាតត្បាតជំងឺនៅហ្សេងចូវ និងការគាំទ្រដ៏ខ្លាំងក្លារបស់ឯកឧត្តមជាមួយប្រជាជនហ្សេងចូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះ។

ជយោ! មិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន!
សូមជូនពរពិធីបិទឆ្នាំនៃវប្បធម៌ប្រទេសចិន-កម្ពុជា ទទួលបានជោគជ័យ៕

 

 

Share This