ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ ផលិតផលទេសចរណ៍ក្នុងខេត្តបាត់ដំបង ត្រូវតែយកមកតាំងពិព័រណ៍ជូនភ្ញៀវ និងពលរដ្ឋបានឃើញក្នុងពិធីបុណ្យទន្លេ

(បាត់ដំបង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្ត ត្រូវនាំយកផលិតផលទេសចរណ៍ក្នុងស្រុក កសិផល ផលិតផលឧស្សាហកម្ម សិប្បកម្ម ឬផលិតផលផ្សេងទៀតដែលផលិតបានក្នុងខេត្ត មកតាំងពិព័រណ៍បង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានច្រើនក្នុងឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៦ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សក្ដានុពលទេសចរណ៍នៅខេត្តបាត់ដំបង មានដូចជាទេសចរណ៍បេតិកភណ្ឌក្នុងក្រុង ទេសចរណ៍តាមដងទន្លេនេះហើយ ដែលរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ដូច្នេះក្រុមការងារត្រូវរៀបចំស្ដង់ពិព័រណ៍សម្រាប់តាំងបង្ហាញពីរូបភាពទេសភាព និងផលិតផលទេសចរណ៍នៅតាមគោលដៅទេសចរណ៍ក្នុងខេត្តនេះ ដើម្បីឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានឃើញបានស្គាល់ និងមានចំណាប់អារម្មណ៍ទៅលេងកម្សាន្តបន្តទៀត ឬនៅពេលក្រោយៗទៀត។

នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំបុណ្យទន្លេ នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីអភិបាលខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបានលើកឡើងពីសក្ដានុពលទេសចរណ៍ដ៏សំខាន់នៅកន្លែងមើលសត្វប្រចៀវនៅភ្នំសំពៅ ដោយលោកបានអះអាងថា លោកបានទៅដល់ និងឃើញភាគច្រើនជាភ្ញៀវទេសចរបរទេស ដែលអង្គុយមើលសត្វប្រចៀវចេញចូលល្អាងភ្នំសំពៅនោះ។

ឯកឧត្តមបានអះអាងថា ភ្ញៀវទេសចរជនជាត់អឺរ៉ុបមានប្រមាណ ៨០% ដែលពួកគេក៏មានអ្នកមកពីខេត្តសៀមរាបផងដែរ ដែលនេះហាក់បង្ហាញថា គោលដៅទេសចរណ៍នៅខេត្តបាត់ដំបងក៏មានជាប់ពាក់ព័ន្ធនឹងខេត្តសៀមរាបផងដរ។

ឯកឧត្តមក៏បានកោតសរសើរពីរមណីយដ្ឋានទេសចរណ៍ជិះឡូរីនៅជើងភ្នំបាណន់ ក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តបាត់ដំបងផងដែរ ដោយឯកឧត្តមបានជំរុញឱ្យមានការផ្សព្វផ្សាយពីគោលដៅទាំងអស់នោះឱ្យបានទូលំទូលាយ។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីស្សារ៉ា បានឱ្យដឹងថា ក្រៅពីអគារបេតិកភណ្ឌក្នុងក្រុង រមណីយដ្ឋានភ្នំសំពៅ ដែលមានកន្លែងទេសចរណ៍ ប្រាសាទបាណន់នៅលើភ្នំ ល្អាងប្រចៀវ ភ្នំបាណន់ និងជិះឡូរីនៅជើងភ្នំ ខេត្តបាត់ដំបងមានរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត ដូចជាភ្នំ និងប្រាសាទឯកភ្នំ សហគមន៍សត្វស្លាបព្រែកទាល់ ចម្ការស្វាយ ក្រូច រួមនឹងរមណីយដ្ឋានថ្មីៗជាច្រើនទៀត ហើយក៏អាចតភ្ជាប់គោលដៅទេសចរណ៍ពីខេត្តសៀមរាប និងទៅខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ផងដែរ។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ហើយអ្វីដែលរឹតតែពិសេសទៅទៀតនោះ ព្រឹត្តិការណណ៍បុណ្យទន្លេ នឹងមានការអញ្ជើញជាអធិបតីពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

Share This