តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ទេសចរណ៍នៅសៀមរាបបង្ហាញការពេញចិត្ត និងត្រៀមបម្រើសេវាជូនភ្ញៀវក្នុងស្រុករួចជាស្រេច

(សៀមរាប)៖ តាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជំរុញលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនបម្រើសេវាកម្មមគ្គុទ្ទេសក៍ជូនភ្ញៀវទេសចរក្នុងស្រុកវិញម្ដង បើទោះបីជាការបម្រើសេវាជូនភ្ញៀវអន្តរជាតិរាងស្បើយបន្តិចក៏ដោយនោះ មគ្គុទ្ទេសក៍ទេសចរណ៍នៅសៀមរាបបានបង្ហាញការពេញចិត្ត និងត្រៀមបម្រើសេវាជូនភ្ញៀវក្នុងស្រុករួចជាស្រេច។

ការសាទរចំពោះប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសជួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំក្រុមការងារពិសេសមួយក្រុមរបស់ក្រសួងទេសចរណ៍ ឧទ្ទេសនាមផ្សព្វផ្សាយពីវិធានការរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងទេសចរណ៍ ជុំវិញការលើកកម្ពស់វិស័យទេសចរណ៍ជាតិក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ជូនដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងពីវិធានការរបស់រាជរដ្ឋាភិបាលជាច្រើនលើកច្រើនសា ជុំវិញការលើកកម្ពស់វិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិជំងឺ Covid-19 នេះ ក្នុងនោះសម្ដេចតេជោក៏បានមានប្រសាសន៍សាសន៍ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ត្រៀមខ្លួនបម្រើសេវាកម្មមគ្គុទ្ទេសក៍ជូនភ្ញៀវទេសចរក្នុងស្រុក និងប្រជាពលរដ្ឋខ្មែរដែលទៅលេងខេត្តសៀមរាបវិញម្ដង ស្របពេលភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាកំពុងបន្តធ្លាក់ចុះ។

នា ឱកាសនោះ ឯកឧត្តមបានលើកឡើងថា ដោយសារតែវិបត្តិជំងឺ Covid-19 បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀតដែលមានប្រភពពីកត្តាខាងក្រៅ បានបណ្ដាលឱ្យកម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិមិនបានដូចការព្យាករណ៍ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិនឹងមានការធ្លាក់ចុះប្រមាណ ១លាននាក់ ខណៈប្រទេសថៃបានព្យាករណ៍ដែរថា ប្រទេសគេនឹងជួបបញ្ហាធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ប្រសិនបើភាគីពាក់ព័ន្ធមិនជួយគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងវិធានការរបស់
ក្រសួងទេសចរណ៍ ដើម្បីដោះស្រាយឧបសគ្គនៅចំពោះមុខនេះទេ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការធ្លាក់ចុះប្រមាណ ៤០% ប៉ុន្តែបើភាគីពាក់ព័ន្ធចូលរួមសាមគ្គីគ្នាជម្នះឧបសគ្គនេះបាន ភ្ញៀវទេសចរប្រហែលជាធ្លាក់ចុះត្រឹម ១០% ទៅ ១៥% ប៉ុណ្ណោះ។

បើតាមការអះអាងរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទោះបីជាកម្ពុជាជួបវិបត្តិទាំងនេះក៏ដោយ ប៉ុន្តែនៅឆ្នាំ២០២៥ ភ្ញៀវទេសចរនៅកម្ពុជានឹងមានការកើនឡើងប្រមាណ ២៥% មកវិញ នេះបើតាមការព្យាករណ៍។

ឯកឧត្តមបានលើកឡើងពីបទពិសោធន៍កាលដែលពិភពលោកជួបវិបត្តិជំងឺ SARS នៅចុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ក្នុងនោះភ្ញៀវទេសចរដែលមកលេងនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហក ប៉ុន្តែនៅខណៈនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ដើម្បីជួយទប់ទល់ការចំណាយរបស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។ ជាក់ស្ដែង ដោយអនុវត្តតាមវិធានការនេះហើយ កម្ពុជាបានទទួលនូវកំណើភ្ញៀវទេសចរក្នុងស្រុកដល់ទៅ ៩% ហើយបញ្ហានានាត្រូវបានដោះស្រាយគួរជាទីគាប់ប្រសើរ។

ជាអកុសល នៅចុងឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២០នេះ ពិភពលោកបានជួបប្រទះវិបត្តិជំងឺ Covid-19 ថ្មីនេះទៀត ដែលបណ្ដាលឱ្យវិស័យទេសចរណ៍លើពិភពលោកជួបបញ្ហាឱនភាព ក្នុងនោះកម្ពុជាក៏គេចមិនផុតពីបញ្ហានេះដែរ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍បានដាក់ចេញវិធានការជំរុញឱ្យមានចលនាទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។

ជាមួយនឹងការរំពឹងទុកថា ភ្ញៀវទេសចរក្នុងស្រុកនឹងមានការកើនឡើងដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងប្រទេស ពិសេសនៅខេត្តសៀមរាប ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងស្រុកឱ្យបានត្រឹមត្រូវ និងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបកស្រាយពន្យល់ប្រាប់ពួកគាត់នូវអ្វីដែលមាននៅតាមគោលដៅទេសចរណ៍នីមួយៗ ខណៈពួកគាត់ក៏ចង់ដឹងពីព័ត៌មាន ឬអាថ៌កំបាំងផ្សេងទៀតដែលបង្កប់លើជញ្ជាំងប្រាសាទ ប្រាង្គប្រាសាទ តំបន់បេតិកភណ្ឌវប្បធម៌ អច្ឆរិយភាពរបស់ស្នាដៃដូនតាខ្មែរជាដើម៕

 

Share This