អ្នកជំនាញអន្ដរជាតិ៖ ការប្រកួតកីឡាទូកក្ដោង​ជើង​ឯក​អាស៊ាន គឺ​ជា​សញ្ញា​ដ៏​ល្អ នៃ​ដំ​ណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ និង​កីឡា​អូឡាំ​ពិក​យុវ​ជន​អាស៊ី ឆ្នាំ​២០២៩ នៅកម្ពុជា

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាទូកក្ដោង ជ្រើស​រើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រ​កួត​ផ្លូវ​ការ​ហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ក្រោម​អធិ​ប​តី​ភាព​ឯក​ឧត្តម​ ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ការ​ប្រ​កួត និងឯកឧត្តម គួច ចំរើន អភិបាលនៃ​គណៈ​អភិ​បាល​ខេត្ត​ព្រះសីហនុ ព្រមទាំងវត្តមានចូលរួមពីសំណាក់ប្រតិភូ គ្រូបង្វឹក និង​កី​ឡា​ករ-កីឡាការិនីចូលរួមទាំង ៣ប្រទេសផងដែរ។
ទន្ទឹមជាមួយគ្នា លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈ​កម្ម​ការ​ប្រ​កួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ខាងលើ បាន​ធ្វើ​ការ​វា​យតម្លៃ​ខ្ពស់ ចំពោះការរៀបចំការប្រកួតនេះឡើង ដែល​លោក​ចាត់​ទុកជាសញ្ញាដ៏ល្អ សម្រាប់​ការអភិវឌ្ឍវិស័យកីឡា​ទូក​ក្ដោង​កម្ពុជា ឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗរូបនេះ អះ​អាង​ថា ដំបូង​ឡើយ​មានអត្តពលិកជាង ១០ប្រទេសត្រៀមចូលរួម តែ​ដោយ​សារ​បញ្ហា​ឥត​ព្រៀង​ទុក នៃជំងឺរាតត្បាតជាសកលកូវីដ-១៩ នៅនាទីចុងក្រោយ បាន​ធ្វើឲ្យពួកគេខកខានទៅវិញ បន្ទាប់ពីការលុបចោលជើង​ហោះ​ហើរ​មក​កម្ពុជា។ តែយ៉ាង លោកសង្ឃឹមយ៉ាងមុតមាំថា ការ​ប្រកួត​លើក​ក្រោយ ប្រទេសទាំងអស់ នឹង​បានចូលរួមការប្រកួតនៅ​កម្ពុជា​ទាំង​អស់​គ្នា។
លោកមានសុទិដ្ឋិនិយមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតទូក​ក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅកម្ពុជានេះ គឺជាសញ្ញាដ៏ល្អ ក្នុង​ការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ដើម្បីឈានឆ្ពោះ​ទៅធ្វើម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩»។ លោក​បានប្រាប់កីឡាករ-កីឡាការិនីទាំងអស់ អោយធ្វើការប្រកួត​ដោយ​ភាព​កក់ក្ដៅ និងសប្បាយរីករាយ ហើយពេលត្រឡប់ទៅប្រទេសខ្លួនវិញ សូម​ប្រាប់​ទៅមិត្តភ័ក្ដ្រ បងប្អូនខ្លួនថា តើទីក្រុងព្រះសីហនុ និង​ឆ្នេរសមុទ្រកម្ពុជា ស្រស់ស្អាតប៉ុណ្ណាទៀតផង។
ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងសារ​ស្វា​គមន៍​យ៉ាង​កក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង ៣​ប្រ​ទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែល​បាន​ចូល​រួម​ការ​ប្រ​កួត​ផ្ទាល់ នៅខេត្តព្រះសីហនុ ពិសេសឯកឧត្តម បានថ្លែងអំណរគុណ រាជ​រដ្ឋា​ភិបាល ដែលបានគាំទ្រ និង​អនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍​អន្ដរជាតិ​នេះឡើង ដើម្បីជាការធ្វើតេស្ដទីលាន និងវាស់ស្ទង់ ក៏ដូច​ជាពង្រឹង​សមត្ថភាព​កីឡាករ-កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួត​កីឡា​ស៊ី​ហ្គេម​ ជាប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា។
ចំណែកឯកឧត្តម គួច ចំរើន បានបង្ហាញនូវសេចក្ដី​សោ​ម​នស្ស​រីក​រាយ​ក្រៃ​លែង ចំពោះគណៈកម្មការរៀបចំការប្រកួត ដែល​បាន​ជ្រើស​រើស​ខេត្ត​ព្រះ​សីហនុ រៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ពិសេស​ការកំណត់​ទី​តាំង​នេះ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ តាម​រយៈ​នេះ ក្នុង​នាម​រដ្ឋ​បាល​ខេត្ត ឯកឧត្តមបានប្ដេជ្ញាគាំទ្រ លើកទឹកចិត្ត និង​សហការគ្រប់បែបយ៉ាង ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច ដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះ ដំណើរ​ការប្រកួតដោយ​រលូន និងទទួលបានជោគជ័យដ៏ល្អប្រសើរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោង ជ្រើសរើស​ជើងឯកអាស៊ី​អា​គ្នេយ៍ ឆ្នាំ២០២១ គឺមានអត្តពលិក ៣ប្រទេសចូលរួម ស្មើនឹង​កីឡា​ករ​-​កី​ឡា​ការិនី ២៧រូប ដែលត្រូវប្រកួតលើ ៥វិញ្ញាសា នៅ​តំបន់​ឆ្នេរ​សុខា ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ការប្រកួតនេះ សហការរៀបចំដោយ​សហព័ន្ធ​កីឡា​ទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្រោយ​ទទួល​បាន​ការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមាន​ការគាំទ្រពីគណៈកម្មាធិ​ការជាតិ CAMSOC៕
#យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព











Share This