ក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ បានរៀបចំវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីប្រចាំការនៅតាមមណ្ឌលព័ត៌មានទេសចរណ៍

(ខេត្តព្រះសីហនុ) កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ បានរៀបចំវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីប្រចាំការនៅតាមមណ្ឌលព័ត៌មានទេសចរណ៍ ដែលកម្មវិធីវគ្គបណ្តុះ បណ្តាលនេះមានរយៈពេល០២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នៅសាលបណ្តុះ បណ្តាលរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីរាជការ និងបុគ្គលិកដែលធ្វើការ ប្រចាំនៅតាមមណ្ឌលព័ត៌មានទេសចរណ៍ដើម្បីគ្រប់គ្រងលើប្រតិបត្តិការមណ្ឌលព័ត៌មានទេសចរណ៍ និង បង្កើនសមត្ថភាពសេវាបដិសណ្ឋារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីត្រៀមការរៀបចំវេទិកាទេសចរណ៍ អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងធ្វើក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។
ឯកឧត្តម គុជ បញ្ញាសា បានលើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីតម្រូវការនៃការធ្វើដំណើរ កម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងដែលបានជំរុញឲ្យមានការបង្កើននូវការគ្រប់គ្រងព័ត៌មានទេសចរណ៍ឱ្យកាន់តែច្បាស់លាស់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ដើម្បីធ្វើការផ្តល់ព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរ។ ឯកឧត្តមក៏បានលើកឡើងពីសារសំខាន់នៃមណ្ឌលព័ត៌មានទេសចរណ៍ថា «ទោះបីជាយើងកំពុងដើរក្នុង សម័យឌីជីថលនៃបដិវត្តិឧស្សាហកម្ម4.0ក៏ដោយ យើងក៏ត្រូវការមណ្ឌលព័ត៌មានទេសចរណ៍ជាលក្ខណៈ រូបវ័ន្តផងដែរ»។
ឯកឧត្តមប្រធានក្រុមការងារក៏បានលើកឡើងផងដែរថាការធ្វើដំណើរជាទេសចរណ៍ទាមទារចាំបាច់នូវការស្វែងរកព័ត៌មានដែលទាក់ទងនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដូចជាព័ត៌មានអំពីការស្នាក់នៅ មធ្យោបាយ ធ្វើដំណើរ ការហូបចុក កន្លែងដែលទាក់ទាញ និងសេវាកម្មទ្រទ្រង់ទេសចរណ៍ផ្សេងៗទៀត ដែលជំរុញពីភាពចាំបាច់ថាតំបន់គោលដៅទេសចរណ៍ត្រូវមានមណ្ឌលព័ត៌មានទេសចរណ៍ ឬបញ្ជរព័ត៌មាន ទេសចរណ៍ ជាពិសេសនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។
គួរកត់សំគាល់ផងដែរថាគិតត្រឹមខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានមណ្ឌលព័ត៌មានទេសចរណ៍ (Tourist Information Center)ដែលមានស្រាប់សរុបចំនួន៣៤កន្លែង និងគម្រោងសាងសង់ក្នុងផែនការ របស់មន្ទីរទេសចរណ៍តាមរាជធានីខេត្តចំនួន១៨កន្លែងទៀត។
កម្មវិធីវគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប៥០នាក់ភាគច្រើនជាមន្ត្រីរាជការ និងបុគ្គលិកដែលប្រចាំ នៅតាមមណ្ឌលព័ត៌មានទេសចរណ៍មកពីខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង និងមាន តំណាងរដ្ឋបាលខេត្តព្រះសីហនុ លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ តំណាងមន្ទីរទេសចរណ៍ ខេត្តទាំងបួនជាប់តំបន់ឆ្នេរ និងថ្នាក់ដឹកនាំនៃក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍។







Share This