កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវឱ្យកាន់តែទូលាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ភាគីកម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក ព្រមទាំងដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
ការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្ដម Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ និងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ក៏បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន ព្រមទាំងតួនាទីនៅក្នុងតំបន់ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កម្ពុជា ក៏បានអរគុណដល់ប្រទេសម៉ាល់ឌីវ ដែលបានបញ្ជូនមន្ត្រីទេសចរណ៍របស់ខ្លួនមកចូលក្នុងព្រឹត្តិការណ៍ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិនៅកម្ពុជាកន្លងមក ជាពិសេសនៅឆ្នាំ២០១៩។
ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនទៅឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ពីស្ថានភាពកាន់តែប្រសើរឡើង ហើយស្ទើរតែដូចប្រក្រតីភាពឡើងវិញមុនការរីករាលដាលជំងឺកូវីដ១៩ ដោយផ្តោតសំខាន់ទៅលើប្រសិទ្ធភាព និងការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយភាពឆ្លាតវៃ ហើយបានចាត់ទុកការចាក់វ៉ាក់សាំងដើម្បីបន្ស៉ាំក្នុងសហគមន៍ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះដែរ ឯកឧត្ដម ថោង ខុន ក៏បានជម្រាបថា សកម្មភាពសង្គមសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក៏បានបើកឡើងវិញនៅក្នុងប្រក្រតីភាពថ្មី និងបន្តវិធានការសុវត្ថិភាពមួយចំនួនផងដែរ។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ប្រាប់ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ថាកម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា ហើយស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ជាពិសេសអំឡុងពេលកូវីដ១៩នេះ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា ទោះបីកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ ដូចជាផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តសៀមរាប នៅខេត្តព្រះសីហនុ ដូច្នេះកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន «ក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងម៉េចយើងជំរុញឱ្យមានការហោះហើរទៅវិញទៅមក ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូចមែន ប៉ុន្តែជាប្រទេសដែលសម្បូរទៅដោយកោះ អញ្ចឹងថ្ងៃក្រោយយើងអាចទៅសិក្សាយកបទពិសោធន៍ពីការអភិវឌ្ឍកោះរបស់ប្រទេសគាត់ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា»។
ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យប្រទេសម៉ាល់ឌីវ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត នៅក្នុងឆ្នាំ២០២២ ដើម្បីគាំទ្រអោយកម្ពុជារៀបចំកិច្ចប្រជុំនេះនៅឆ្នាំ២០២៣ ហើយកិច្ចការនេះកំពុងតែពិភាក្សាជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា។
ជាការឆ្លើយតបឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត៕










Share This