រដ្ឋមន្ត្រីទេសចរណ៍សាទរចំពោះការបង្កើតរមណីយដ្ឋានសមុទ្រឈើនៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានការចាប់អារម្មណ៍ខ្លាំងចំពោះ «រមណីយដ្ឋានសមុទ្រឈើ» ដែលកំពុងរៀបចំបង្កើតថ្មី ព្រមទាំងបានបង្ហាញការសាទរ និងណែនាំឱ្យមានការគិតគូរពីសុវត្ថិភាពសុខភាព ស្របពេលផ្ទៃក្នុងប្រទេសកំពុងបន្តវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ។ អនាគតរមណីយដ្ឋានទេសចរណ៍ដ៏ធំមួយនេះ មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។

លោក ជុំ វីរៈ និងលោកស្រី សួន ច័ន្ទសម្ផស្ស ម្ចាស់រមណីយដ្ឋានសមុទ្រឈើនេះ បានថ្លែងឱ្យដឹងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ថា រមណីយដ្ឋានទេសចរណ៍របស់ពួកគាត់មានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាប័ទ្មខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំនៅក្នុងរមណីយដ្ឋានទាំងមូលកំពុងមមាញឹក និងគិតគូរតាមស្ដង់ដាយ៉ាងយកចិត្តទុកដាក់។ ក្រៅពីនេះ ម្ចាស់រមណីយដ្ឋានបាននិងកំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា) ជាដើម។
 
រីឯផលិតផលទេសចរណ៍ទូទៅវិញ គេក៏កំពុងរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។ រមណីយដ្ឋាននេះក៏បានអភិរក្សទុកនូវដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមានរានសម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើទាំងនោះផងដែរ។ ទន្ទឹមនឹងនោះ គេនឹងរៀបចំឱ្យមានកន្លែងហាត់យោគៈ (Yoga) បំប៉នសុខភាព ជាមួយនឹងការស្រងក្លែបក្លិនគន្ធាបុប្ផាព្រៃភ្នំកៀកស្និទ្ធនឹងធម្មជាតិ។ ភ្ញៀវទេសចរអាចគយគន់ទស្សនាទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គតផងដែរ ទោះបីគេឈរនៅជ្រុងណាក៏អាចមើលឃើញស្អាតដែរ។

ចំណែកនៅរដូវវស្សាមានភ្លៀងធ្លាក់វិញ នៅតាមអូរមានទឹកអូរហូរជាថ្នាក់ៗចំនួន ៣ ថ្នាក់ ដែលបង្កើតឱ្យមានទេសភាពកាន់តែពិសេសជាចំណីចក្ខុដ៏ប្លែក ហើយក៏មានខ្យុះសម្រាប់អង្គុយលេង ទទួលទានអាហារ។ ចំពោះការបើកដំណើរការវិញ ម្ចាស់រមណីយដ្ឋានបានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាត លោកគ្រោងនឹងបើកដំណើរការទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល ២០២០ ឆ្លងចូល ២០២១ ខាងមុខ ខណៈដំណើរការរៀបចំកន្លែងនានាក៏កំពុងមមាញឹកផងដែរ។

បន្ថែមលើគម្រោងរបស់រមណីយដ្ឋានខាងលើ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជូននូវគំនិតដល់ការគិតគូររៀបចំបង្កើតឱ្យមានជាប្រភេទទេសចរណថ្មើរជើង (Trekking) ទេសចរណ៍ជិះកង់ក្នុងព្រៃ (Hekking) ផងដែរ។ ជាងនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំដល់ម្ចាស់រមណីយដ្ឋាន និងអ្នកគ្រប់គ្រងក្នុងដំណាក់កាលកូវីដ-១៩ និងក្រោយកូវីដ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការការពារសុវត្ថិភាពទេសចរ ដូចជាការពាក់ម៉ាស គម្លាតសង្គម អនាម័យសម្អាតមេរោគដល់អ្នកទេសចរ អ្នកបម្រើការ និងអ្នកពាក់ព័ន្ធ ដោយប្រើប្រាស់ឧបករណ៍តាមបច្ចេកវិទ្យាឌីជីថលជាដើម ដោយមានការត្រួតពិនិត្យការអនុវត្តហ្មត់ចត់ និងជាប្រចាំ។

សូមជម្រាបថា ក្រៅពីចូលទស្សនា និងណែនាំនូវគន្លឹះមួយចំនួនដល់ម្ចាស់រមណីយដ្ឋានសមុទ្រឈើនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានអញ្ជើញទៅដល់រមណីយដ្ឋាន ហ៊ីលថប រីស៊ត ទីតាំងព្រលានយន្តហោះថ្មីនៅស្រុកអូររាំង កន្លែងទស្សនាសមុទ្រឈើ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា។ នៅថ្ងៃទី០៩ ខែឧសភា ឯកឧត្ដមក៏បានអញ្ជើញទៅដល់រមណីយដ្ឋានចម្ការកាហ្វេ សួនកសិកម្មដាំបន្លែ និងចម្ការដំណាំចម្រុះរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីផងដែរ៕

Share This