អាស៊ានពិចារណាលើការជំរុញការធ្វើដំណើរក្នុងតំបន់ឡើងវិញ ដែលធានាបានសុវត្ថិភាពទេសចរណ៍

(ភ្នំពេញ)៖ ប្រទេសទាំងឡាយរបស់អាស៊ាន បានបើកកិច្ចប្រជុំរួមគ្នាក្នុងក្របខណ្ឌសហព័ន្ធសមាគមការធ្វើដំណើរអាស៊ី (FATA) តាមរយៈប្រព័ន្ធ Video Conference នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើការបើកព្រំដែនឡើងវិញសម្រាប់ទេសចរក្នុងតំបន់អាស៊ាន គោលនយោបាយក្នុងការជំរុញការធ្វើដំណើររបស់ទេសចរក្នុងស្រុករវាងប្រទេសអាស៊ាន ក៏ដូចជាការលើកទឹកចិត្ត (Incentives) និងផែនការ (Promotional Plans) ជំរុញការផ្សព្វផ្សាយ ដើម្បីជំរុញការធ្វើដំណើរក្នុងអាស៊ានផងដែរ។ ភាគីកម្ពុជាដែលចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលពីលោក Honorable Tan Sri Dr. Ong Hong Peng អតីតអគ្គលេខាធិការនៃក្រសួងទេសចរណ៍ម៉ាឡេស៊ី និងមានការចូលរួមពីបណ្តារប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ាន រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឥណ្ឌា។ ឯកឧត្ដម ថោង រដ្ឋសក្តិ ក៏បានបង្ហាញពីបច្ចុប្បន្នភាពជូនអង្គសន្និសីទអំពីស្ថានភាពកូវីដ-១៩នៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មីៗមួយចំនួន រួមមាន វិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ (New Normalization Protocols for Health and Safety) ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ ស្របពេលដែលទេសចរផ្ទៃក្នុងកំពុងមានការកើនឡើង។ ការអនុវត្តនូវវិធានការសុវត្ថិភាព និងអនាម័យសម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍សម្រាប់ជំហានទី១ ដោយមានការសហការពីអង្គការទេសចរណ៍ពិភពលោក ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។

ឯកឧត្ដម ថោង រដ្ឋសក្តិ ក៏បានបញ្ជាក់ថា កម្ពុជាពុំដែលបិទព្រំដែនជាមួយប្រទេសជិតខាងឡើយ ដោយទេសចរអន្តរជាតិដែលមកកម្ពុជាតម្រូវឱ្យមានលិខិតធានារ៉ាប់រងសុខភាពយ៉ាងតិច ៥០,០០០ ដុល្លារអាមេរិក និងតម្កល់ប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិក សម្រាប់សេវាកម្មផ្សេងៗពាក់ព័ន្ធកូវីដ១៩ និងលិខិតបញ្ជាក់អវិជ្ជមាន COVID-19 ពីសំណាក់អាជ្ញាធរសុខាភិបាលរបស់ប្រទេសខ្លួនដែលមានសុពលភាព ៧២ ម៉ោងមុនពេលធ្វើដំណើរមកកម្ពុជា។ តំណាងប្រទេសនីមួយៗបានលើកឡើងអំពីគោលនយោបាយ និងវិធានការពិសេសមួយចំនួនរបស់ប្រទេសខ្លួន។

ជាមួយគ្នានោះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ (CATA) ក៏បានលើកឡើងអំពីស្ថានភាពទីភ្នាក់ងារទេសចរណ៍នៅកម្ពុជា ៩៥% ប្រតិបត្តិករទេសចរណ៍បានផ្អាកអាជីវកម្ម ចំណែកប្រតិបត្តិករទេសចរណ៍ ៥% ទៀតកំពុងខិតខំបង្កើតសកម្មភាព ផលិតផលថ្មីដើម្បីទាក់ទាញទេសចរក្នុងស្រុក ក្នុងនោះទេសចរវ័យជំទង់កំពុងពេញនិយមក្នុងការឡើងភ្នំ និងបោះតង់។ សមាគម CATA បាននិងកំពុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសុវត្ថិភាពក្នុងសេវាកម្មទេសចរណ៍ រួមមាន សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក៕

 

Share This