អង្គការទេសចរណ៍ពិភពលោក៖ កម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

អង្គការទេសចរណ៍ពិភពលោក៖ កម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

(ភ្នំពេញ)៖ គណៈកម្មាធិការអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣២ តាមប្រព័ន្ធ Video Conference នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។

នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការ UNWTO បណ្តាប្រទេសជាសមាគមបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពី WTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19។

ឯកឧត្ដម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះអង្គការ UNWTO បានលើកឡើងអំពីការចូលរួមរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការចូលរួមរៀបចំគោលការណ៍ណែនាំ និងអនុសាសន៍ផ្សេងៗដល់បណ្តាប្រទេសសមាជិក UNWTO ក្នុងការទប់ស្កាត់ និងដោះស្រាយផលប៉ះពាលនៃវិបត្តិ COVID-19 និងការស្តារវិស័យទេសចរណ៍ឡើងវិញបន្ទាប់ពីវិបត្តិ COVID-19។

ថ្លែងទៅកាន់បណ្តាសមាជិកនៃ UNWTO តាមរយៈ Video Conference ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយ UNWTO និងផ្នែកពាក់ព័ន្ធនានាទៀត ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគ COVID-19។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា នៅក្នុងដំណើរការនៃប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគ COVID-19 នេះ កម្ពុជាបានអនុវត្តតាម UNWTO និងគណៈកម្មការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការដាក់ឱ្យអ្នកសង្ស័យស្នាក់នៅដាច់ដោយឡែក ការរក្សាគន្លាតសង្គម ព្រមជាមួយគ្នានេះក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍នៅជំហានទី១ បន្ថែមលើវិធានទប់ស្កាត់ COVID-19 របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាធានាបាននូវការទប់ស្កាត់ការរីករាលដាលមេរោគ COVID-19 ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសអនុវត្តគោលការណ៍ឧបត្ថម្ភសាច់ប្រាក់ ជូនដល់បណ្តាប្រជាពលរដ្ឋក្រីក្រ និងអ្នកព្យួរការងារក្នុងវិស័យទេសចរណ៍ កំឡុងពេលវិបត្តិ COVID-19 ហើយក្រៅពីនេះ កម្ពុជាក៏បានរៀបចំកញ្ចប់ប្រព័ន្ធអនុគ្រោះពន្ធជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៣២របស់គណកម្មាធិការ UNWTO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណនេះ ប្រទេសម៉ាឡេស៊ី និងមាល់ឌីវ បានធ្វើជាសហប្រធានរៀបចំ ដែលមានរដ្ឋមន្ត្រីទេសចរណ៍មកពីបណ្តាប្រទេសចំនួន ២៨ ប្រទេសចូលរួម និងមានអគ្គលេខាធិការអង្គការ UNTWO និងបណ្តាអ្នកជំនាញជាច្រើនទៀតបានអញ្ជើញចូលរួមផងដែរ៕

 

Share This