មានទេសចរ-ពលរដ្ឋចេញដើរកម្សាន្តជាង ២៣ម៉ឺននាក់

ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃដំបូងនៃការឈប់សម្រាកនេះ មានទេសចរ-ពលរដ្ឋចេញដើរកម្សាន្តជាង ២៣ម៉ឺននាក់

តាមរបាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ពេញមួយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្តនៅទូទាំងប្រទេសចំនួន ២៣៣,៣២៩នាក់។

ចំពោះរាជធានី-ខេត្តដែលគួរឱ្យកត់សម្គាល់នោះ រួមមាន៖
* រាជធានីភ្នំពេញ ១៤,២៥៤នាក់
* ខេត្តកំពត ៣០,៨០៤នាក់
* ខេត្តសៀមរាប ២៨,១៤០នាក់
* ខេត្តកែប ១៨,៥៥៧នាក់
* ខេត្តព្រះសីហនុ ១៨,៦០៤នាក់
* ខេត្តបាត់ដំបង ១៤,៦២៧នាក
* ខេត្តព្រះវិហារ ១០,៤៧០នាក់
* ខេត្តមណ្ឌលគិរី ៨,៨២៨នាក់
* ខេត្តរតនគិរី ៨,២០៨នាក់។

រាជធានី និងខេត្តមួយចំនួនមានការរៀបចំអភិវឌ្ឍជាផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត (Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្ទះផ្កា នៅខេត្តបាត់ដំបង បឹងលំកុដ នៅខេត្តរតនគិរី រមណីយដ្ឋានកែច្នៃសមុទ្រឈើ នៅខេត្តមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និងគោលដៅថ្មីផ្សេងទៀត។

ដោយឡែក ការកើនឡើងភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវក្នុងស្រុក។

តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែប្រសើរអំពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍អំពីជំងឺកូវីដ១៩ ហើយរដ្ឋបាលខេត្តដែលមានមន្ទីរទេសចរណ៍ មន្ទីសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងសកម្ម។

ទន្ទឹមនឹងនេះ គោលដៅទេសចរណ៍នានាក៏បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឲ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះដែលជារមណីយដ្ឋានសំខាន់ក្នុងខេត្តបានដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។

រីឯការរក្សាគម្លាតសុវត្ថិភាពនៅមិនទាន់អនុវត្តបានពេញលេញនៅឡើយទេ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើនជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគាត់តែមួយ ហើយរមណីយដ្ឋានខ្លះមានសភាពហួសចំណុះផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរមកលេងច្រើនក្នុងពេលតែមួយ ហើយដែលអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ និងមន្ត្រីជំនាញនឹងបន្តខិតខំណែនាំបន្ថែមទៀតឲ្យមានការចែករំលែក និងបង្វែរទស្សនកិច្ច ដើម្បីសម្រួលកុំឱ្យមានការផ្ទុកលើសពី ៥០%៕

 

Share This