អង្គការទេសចរណ៍ពិភពលោក កោតសរសើរសម្តេចតេជោ ហ៊ុន សែន

អង្គការទេសចរណ៍ពិភពលោក កោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់កូវីដ-១៩ និងចាប់ផ្តើមជំរុញចលនាទេសចរណ៍ក្នុងស្រុកឡើងវិញ

(ទីក្រុងម៉ាឌ្រីត អេស្ប៉ាញ)៖ យោងតាមលិខិតរបស់លោក ហ្សូរ៉ាប ប៉ូឡូលីកាស៊្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែលបានគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះដែរ អង្គការទេសចរណ៍ពិភពលោកក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យជួបតែសុខសុវត្ថិភាព និងសុខភាពល្អអំឡុងពេលនៃថ្ងៃឈប់សម្រាកពិធីចូលឆ្នាំខ្មែរ ដែលតាមប្រពៃណីប្រារព្ធធ្វើឡើងក្នុងខែមេសា តែត្រូវបានលើកពេលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

អង្គការទេសចរណ៍ពិភពលោកពិតជារីករាយខ្លាំងណាស់ ដោយបានឃើញកម្ពុជាកំពុងតែចាប់ផ្តើមទេសចរណ៍ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់អនុវត្តវិធានសុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូចជាគោលការណ៍ណែនាំនានានៅតាមតំបន់ទេសចរណ៍។ ការចាប់ផ្តើមឡើងវិញប្រកបដោយការទទួលខុសត្រូវនេះ ពិតជាស្របតាមអនុសាសន៍ណែនាំរបស់អង្គការទេសចរណ៍ពិភពលោក។

អង្គការទេសចរណ៍ពិភពលោកកំពុងសម្របសម្រួលការបើកឡើងវិញនូវវិស័យទេសចរណ៍ ដោយសហការជាមួយប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានា តាមរយៈការបង្កើតគោលការណ៍ណែនាំ និងអនុសាសន៍នានា សម្រាប់ការចាប់ផ្តើមឡើងវិញនូវសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ យើងខ្ញុំសូមអរគុណដល់កម្ពុជាជាអនេក សម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដែលបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងសកម្មភាពរបស់អង្គការទេសចរណ៍ពិភពលោកអំឡុងពេលវេលាដ៏លំបាកនេះ។

ជាថ្មីម្តងទៀត អង្គការទេសចរណ៍ពិភពលោកសូមសំដែងនូវការកោតសរសើរខ្ពស់ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រូ ដែលតែងតែទុកសុខុមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីនេះនឹងចូលរួមចំណែកដល់ការចាប់ផ្តើមឡើងវិញនូវទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា៕

 

Share This