ក្រសួងទេសចរណ៍ និងគម្រោង HoKa ខំជំរុញការបណ្តុះបណ្តាលដល់អ្នកជំនាញ១,៧០០នាក់ និងគ្រូបង្គោល២០០នាក់ ដើម្បីត្រៀមស្តារវិស័យទេសចរណ៍នៅភាគឦសាន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ក្រោមការសហការពីអង្គការស្វីសខន់ថាក់ (Swiss contact) ផងនោះ បានសហការគ្នាជំរុញផែនការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញដល់អ្នកជំនាញចំនួន ១,៧០០នាក់ និងគ្រូបង្គោល ២០០នាក់ ដើម្បីត្រៀមស្តារវិស័យទេសចរណ៍នៅតាមខេត្តភាគឦសានឡើងវិញ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីបូកសរុបការងារត្រីមាសទី២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម​ ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយមានការចូលរួមពីលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ និងមានការចូលរួមពីសំណាក់សមាជិក-សមាជិកាគណៈកម្មការគ្រប់គ្រងគម្រោង ហូកា សមាគមឧស្សាហកម្មទេសចរណ៍ គ្រូបង្គោលជាតិ គ្រូបង្គោលអាស៊ាន សរុបប្រមាណ ៣០រូប។
កិច្ចប្រជុំបានធ្វើឡើងក្នុងគោលបំណងបូកសរុបការងារលទ្ធផលត្រីមាសទី២ ដែលលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី បានអនុវត្តកន្លងមក ព្រមទាំងបញ្ហាប្រឈមនានា នាអំឡុងពេលការរីករាលដាលនៃជំងឺឆ្លងកូវដ-១៩ នៃព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ដើម្បីរិះរកវិធីសាស្ត្របណ្តុះបណ្តាល និងសម្របសម្រួលប្រកបដោយវៃឆ្លាត និងនវានុវត្តន៍ សំដៅជំរុញការបណ្តុះបណ្តាលដល់អ្នកជំនាញ និងគ្រូបង្គោល បានយ៉ាងល្អប្រសើរនៅមូលដ្ឋាន។
ឯកឧត្តម​ ប៉ាក់ សុខុម បានលើកឡើងថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្របតាមស្មារតីនៃអនុសារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់។ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មន្ទីរទេសចរណ៍ខេត្ត និងអង្គការស្វីសខន់ថាក់ ចាប់ផ្តើមអនុវត្តគម្រោងក្រោយចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
លោក ជួប រតនា ប្រធានយកដ្ឋានផែនការអភិវឌ្ឍន៍ បានលើកឡើងថា ក្រោមកិច្ចសហការពីអង្គការស្វីសខន់ថាក់ តាមរយៈគម្រោង ហូកា បានចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីការស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៥» តាមរយៈការបណ្តុះបណ្តាលជំនាញ និងការជំរុញបច្ចេកវិទ្យាគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ ដោយក្នុងនោះគម្រោងបានយកចិត្តទុកដាក់រៀបចំផែនការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ចំនួន ១,៧០០រូប និងគ្រូបង្គោលចំនួន ២០០រូប សម្រាប់ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។
ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី បានលើកឡើងពីគំនិតសុទិដ្ឋិនិយមលើការបណ្តុះបណ្តាល ហូកា តាមខេត្តរបស់ខ្លួនឲ្យបានតាមផែនការដែលបានគ្រោងទុក ទោះបីកំពុងជួប្រឈមបញ្ហាលំបាកមួយចំនួន ដូចជាការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវី-១៩ នៅក្នុងសហគមន៍ និងការផ្អាកការងាររបស់បុគ្គលិកតាមមូលដ្ឋានអាជីវកម្មជាដើម ក៏ប៉ុន្តែភាពបត់បែននៃការបណ្តុះបណ្តាលតាមប្រព័ន្ធកូនកាត់ (Hybrid) បានចូលរួមចំណែកបានយ៉ាងល្អក្នុងការដោះស្រាយលើបញ្ហាប្រឈមនេះ៕







Share This