កម្ពុជាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានាដែលគ្រោងនៅឆ្នាំ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន

(ចិន)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាន់ស៊ី បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិវិថីសូត្រស៉ីអានលើកទី៤ ឆ្នាំ២០២១ (XSRITE 2021) ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកក្កដា នៅទីក្រុងស៉ីអាន ខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា អ្វីដែលចំណុចសំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ចិននេះ រួមមាន៖

* រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យក្រសួងទេសចរណ៍រៀបចំធ្វើជាម្ចាស់ផ្ទះ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២» នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ាននេះ នឹងធ្វើឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនារួមគ្នា» ដែលមានគោលបំណងដើម្បីស្តារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។

* បន្ទាប់ព្រឹត្តិការណ៍ទេសចរណ៍នេះ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា និងថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្រោមសន្តិភាព»។

* ការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទាំងនេះ គឺដោយសារការពិនិត្យឃើញសន្ទុះនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ទូទាំងប្រទេសកម្ពុជា មានសន្ទុះលឿនរហ័ស ពោលគឺគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ ខាងមុខនេះ (តាមការកំណត់ឱ្យបាន ១០ លាននាក់)។

សូមជម្រាបថា ព្រឹត្តិការណ៍ XSRITE 2021 នោះ មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន ស្តង់ពិព័រណ៍ចំនួន ៥០០ ស្តង់ អ្នកលក់ក្នុងស្រុកចំនួន ៣០០ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៣០ ក្នុងចំណោមស្ដង់ទាំងនោះ ស្តង់របស់ប្រទេសកម្ពុជាបានផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ ព្រឹត្តិការណ៍ទេសចរណ៍នេះដែរ គេរំពឹងថានឹងទទួលបានភ្ញៀវទេសចរជាង ២០,០០០ នាក់។

នៅថ្ងៃទី១ នៃព្រឹត្តិការណ៍ពិព័រណ៍នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាន់ស៊ី បានចូលទស្សនាស្តង់ពិព័រណ៍ក្រសួងទេសចរណ៍កម្ពុជា ហើយបន្តទស្សនាការសម្តែងសិល្បៈនានាផងដែរ។ នៅថ្ងៃទី១៨ ខែកក្កដា ដែលជាថ្ងៃទី៣ នៃព្រឹត្តិការណ៍ពិព័រណ៍នេះស្តង់ពិព័រណ៍ក្រសួងទេសចរណ៍កម្ពុជាបានទទួលពានរង្វាន់ចំនួន ២ គឺពានរង្វាន់ស្តង់ដែលមានមានការតុបតែងល្អបំផុត (Best Organized Booth) និងពានរង្វាន់ស្តង់ដែលស្អាតបំផុត (Best Outstanding Booth) នេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់កម្ពុជា។

ក្រៅពីកម្ពុជា ប្រទេសជាសមាជិកអាស៊ានដែលបានចូលរួមជាភ្ញៀវអន្តរជាតិក្នុងការតាំងពិព័រណ៍នេះ រួមមាន ប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៕

 

Share This