ឯកឧត្ដម ថោង ខុន ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តបញ្ចប់បញ្ហាជូនពលរដ្ឋឲ្យបានឆាប់ ជាពិសេសមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២

(កំពង់ធំ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំផងដែរ ត្រូវចូលរួមសហការគ្នាដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋដែលរួមមាន ១៥ ចំណុចសំខាន់ៗ ឱ្យបានរួចរាល់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ការថ្លែងជំរុញបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តាមប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងមន្រ្តីរដ្ឋបាលខេត្ត។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីលទ្ធផលការងារ បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរនានាដែលកើតមានឡើងនៅខេត្តកំពង់ធំ ដែលក្រុមការងារទាំងអស់គ្នាមានវត្តមានក្នុងកិច្ចប្រជុំនេះ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។
ដើម្បីសម្រេចជោគជ័យជូនរាជរដ្ឋាភិបាលក្នុងការគាំទ្រ តាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តកំពង់ធំ និងឈានទៅសម្រេចជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានដាក់ការងារសំខាន់ៗ ១៥ ចំណុចធំៗ ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ធំ ត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗក្នុងឆមាសទី២ ឆ្នាំ២០២១ ដូចខាងក្រោម៖
ទី១៖ ជំរុញការផ្សព្វផ្សាយ និងអនុវត្តសារាចរលេខ ០៤ សរ ចុះថ្ងទី ២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។
ទី២៖ បន្តអនុវត្តការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងស្រុកទាំង ៩ នៃខេត្តកំពង់ធំ។
ទី៣៖ បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងមិនឲ្យមានការឆ្លងរីករាលដាល និងធានាបាននូវការវិលត្រលប់ទៅរកប្រក្រតីភាពថ្មី (New Normal) នៃជីវភាពរស់នៅប្រចាំថ្ងៃ និងកិច្ចដំណើរការនៃវិស័យសេដ្ឋកិច្ច សង្គម។
ទី៤៖ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុកក្នុងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង។
ទី៥៖ បន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់គ្រួសារក្រីក្រដែលមានសមាជិកគ្រួសារកើតជំងឺកូវីដ-១៩ (កំពុងព្យាបាលជំងឺ) អ្នកកំពុងធ្វើចត្តាឡីស័កតាមមណ្ឌល ឬតាមផ្ទះ និងអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។
ទី៦៖ បន្តជំរុញការងារកសិកម្ម និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងអំលុងពេលរដូវវស្សានេះ និងត្រៀមលក្ខណៈបង្ការទុកមុន និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងដំណាំស្រូវ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ទឹកជំនន់ ឬការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ។
ទី៧៖ បន្តជំរុញការពិនិត្យ និងដោះស្រាយនូវការងារចាំបាច់ជាអាទិភាព រួមមាន៖ ការងារឆ្វៀលដីនៅតំបន់៣ តំបន់២ និងដីតំបន់អភិរក្សសត្វខ្សឹប។
ទី៨៖ ឈរលើគោលការណ៍ការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ប្រគល់ជូនលោកអភិបាលខេត្ត មន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយករណីចាប់ឃាត់គ្រឿងចក្ររបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងកន្លែងដទៃទៀត ដោយត្រូវមកប្រគល់គ្រឿងចក្រជូនប្រជាពលរដ្ឋវិញ។
ទី៩៖ បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ទី១០៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
ទី១១៖ បន្តជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
ទី១២៖ បន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន។
ទី១៣៖ ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាខែមីនា ឆ្នាំ២០២២ ខាងមុខ។ ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រាល ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលខេត្តអាចនឹងរៀបចំបានភ្លាម ដើម្បីចូលរួមបើកចរន្តសេដ្ឋកិច្ច និងសង្គមឡើងវិញ។
ទី១៤៖ បន្តលប់បំបាត់អំពើអសកម្ម និងចំណុចខ្វះខាត ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពប្រជាពលរដ្ឋ។
ទី១៥៖ បន្តធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។
ឯកឧត្ដមរដ្ឋមន្ត្រីបានដាក់ទិសដៅជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តបញ្ចប់បញ្ហាជូនពលរដ្ឋឱ្យ ១៥ ចំណុចនេះ ឱ្យបានរួចរាល់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ខណៈការបោះឆ្នោតនេះនៅសល់រយៈពេលតែប្រមាណ ១០ ខែទៀតប៉ុណ្ណោះ៕












Share This