ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ

នាព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ លើគម្រោង “ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩”។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ ឯកឧត្តម គុជ បញ្ញាសារ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
គម្រោងនៃកិច្ចសហការនេះ ផ្តោតលើការជំរុញចលនាទេសចរណ៍ទៅកាន់តំបន់សហគមន៍ទេសចរណ៍សំខាន់ៗក្នុងខេត្តគោលដៅចំនួន ៤ គឺខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់អាទិភាពលើសកម្មភាពសំខាន់ៗរួមមាន ដូចជាការផ្តល់ជូនវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់មួយចំនួន ការបណ្តុះគំនិតសហគ្រិនភាពនៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុលទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយតំបន់ខាងលើ។











 
 
 
 
 
 
 
 
 
 
 

Share This