ក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យប្រតិបត្តិករ និងម្ចាស់អាជីវកម្មទេសចរណ៍ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់អាស៊ាន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងន័យលើកទឹកចិត្តឱ្យចូលរួមដាក់ពាក្យស្នើ សុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់អាស៊ាន ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន នាខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
ស្លាកសញ្ញាស្តង់ដា និងរង្វាន់អាស៊ានទាំងនោះចំនួន ៣ រួមមាន៖
ទី១៖ ស្តង់ដា MICE អាស៊ាន «ប្រភេទបន្ទប់ប្រជុំ (Meeting Room)» លើកទី៣ ឆ្នាំ២០២២-២០២៤
ទី២៖ ស្តង់ដា MICE អាស៊ាន «ប្រភេទសាលតាំងពិព័រណ៍ (Exhibition Venue)» លើកទី១ ឆ្នាំ២០២២-២០២៥
ទី៣៖ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Award-ASTA) លើកទី៣ សម្រាប់ឆ្នាំ២០២២-២០២៣។
ក្រសួងទេសចរណ៍ក៏បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់ខាងលើនៅទីស្ដីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ០១៧ ៤២៩ ២៩៤។
ចំពោះឯកសារដែលត្រូវភ្ជាប់មកជាមួយ រួមមាន៖
* ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដា និងរង្វាន់ ដូចមានក្នុងឯកសារភ្ជាប់។
* អាជ្ញាបណ្ណទេសចរណ៍មានសុពលភាពចេញដោយក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រសួងទេសចរណ៍បានបន្តថា ការជ្រើសរើសជ័យលាភីនឹងត្រូវអនុវត្តទៅតាមនីតិវិធី ដូចខាងក្រោម៖
* ការដាក់ពាក្យស្នើសុំ៖ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១
* ការពិនិត្យលើពាក្យស្នើសុំ និងឯកសារភ្ជាប់៖ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
* ការចុះពិនិត្យទីតាំងជាក់ស្តែង និងការផ្ទៀងផ្ទាត់ឯកសារ៖ ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១
* ការប្រកាសជ័យលាភី៖ ខែមករា ឆ្នាំ២០២២។
សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នឹងប្រារព្ធឡើងជាលើកទី៤០ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)»៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖




Share This