ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងជនបង្គោលយេនឌ័រទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន ១៣៥នាក់។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយ «សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្រ្ជាបនិងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ។
ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទីស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។
អង្គសិក្ខាសាលាទាំងមូលក៏បានពិភាក្សា និងដាក់ចេញនូវគោលដៅដើម្បីជំរុញការចូលរួមបន្ថែមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍មានដូចខាងក្រោម៖
១-អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្រ្តី និងស្ត្រីក្នុងវិស័យឯកជន
២-ជំរុញការឈោងចាប់យកបច្ចេកវិទ្យាព័ត៌មានមកអនុវត្តក្នុងការងារ និងអាជីវកម្ម
៣-ពង្រឹងយន្តការគ្រប់គ្រងក្នុងរចនាសម្ព័ន្ធ
៤-លើកកម្ពស់គុណភាពបណ្តុះបណ្តាល និងអប់រំដល់ស្ត្រីនៅគ្រប់ផ្នែក គ្រប់កម្រិត
៥-លើកកម្ពស់ការងារផ្សព្វផ្សាយលើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍
៦-លើកកម្ពស់ការចូលរួមថែរក្សាសីលធម៌សង្គម៕














Share This