ក្រសួងទេសចរណ៍៖ កម្ពុជា-ឥណ្ឌា កំពុងរៀបផែនការជំរុញទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងទេសចរណ៍កម្ពុជា និងឥណ្ឌា បានឯកភាពគ្នាលើការរៀបចំផែនការជំរុញទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមលោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍។
ឯកឧត្ដម ទ្រី ឈីវ បានបញ្ជាក់ថា ការឯកភាពគ្នាទ្វេភាគីនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមការងារទេសចរណ៍ កម្ពុជា-ឥណ្ឌា តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ រីឯគណៈប្រតិភូ ឥណ្ឌា ដឹកនាំដោយលោក Rakesh Kumar Verma លេខាធិការនៃក្រសួងទេសចរណ៍ឥណ្ឌា ហើយក៏មានវត្តមានរបស់លោកស្រី ទេវ្យានី ឧត្តមា ខូប្រាហ្កាដេ (Devyani Uttama Khobragade) ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំកម្ពុជា និងសមាជិកប្រតិភូនៃប្រទេសទាំងពីរ ព្រមទាំងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
ឯកឧត្ដម ទ្រី ឈីវ បានបន្តទៀតថា កិច្ចប្រជុំនេះបានពិភាក្សា និងឯកភាពទៅលើប្រធានបទ ដូចជា៖
១៖ ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក្រោយវិបត្តិកូវីដ-១៩។
២៖ ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ជាពិសេសទេសចរណ៍វប្បធម៌ និងធម្មជាតិនៃប្រទេសទាំងពីរ។
៣៖ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងគ្រប់គ្រងគោលដៅទេសចរណ៍ធ្វើការផ្លាស់ប្តូរកញ្ចប់ទស្សនកិច្ចនៃប្រតិបត្តិករទេសចរណ៍របស់ប្រទេសទាំងពីរ។
៤៖ ការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានលើកសំណើដល់ភាគីឥណ្ឌា ឲ្យពិនិត្យមើលលើគម្រោងស្នើសុំដោយក្រសួងទេសចរណ៍លើគម្រាងផ្ដល់ផលលឿន ឬ Quick Impart Projects (QIP) នៅបឹងស្នេហ៍ ខេត្តព្រែវែង ក្នុងទំហំ ២,៨០០ ហិកតា។
ឯកឧត្ដម ថោង រដ្ឋសក្តិ ក៏បានជម្រាបជូនអង្គប្រជុំផងដែរអំពីវេទិកាទេសចរណ៍អាស៊ាន២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២២នេះ ក៏នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៩ ផងដែរ។ បន្ទាប់ពីនោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារលើកទី៤ កម្ពុជា-ឥណ្ឌា នៅអំឡុងខែឧសភា ឆ្នាំ២០២២៕






Share This