ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីសក្តិ

(ភ្នំពេញ)៖ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង លេខ ៤៦២ សជណ.អគឧ ស្តីពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីសក្តិ។
យោងតាមសេចក្តីជូនដំណឹងនេះ ក្រសួងទេសចរណ៍មានកិត្តិយស និងសេចក្តីរីករាយ សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ទេសចរអន្តរជាតិ និងអ្នកដំណើរទាំងអស់ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ ដោយត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
១.​ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស,ផ្លូវគោក និងផ្លូវទឹក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដ-១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល៧២ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។ ពេលមកដល់កម្ពុជា, ទេសចរតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩ (COVID-19 Rapid Test) អនុវត្តដោយមន្រ្តីសុខាភិបាលនៅតាមច្រកទ្វារចេញ-ចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័សរយៈពេលពី១៥ ទៅ ២០នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរអាចធ្វើដំណើរបានដោយសេរីនៅទូទាំងកម្ពុជា ដោយមិនកម្រិត​​តំបន់ ឬខេត្ត ក្រុងនោះទេ និងមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ។
២.​​ទេសចរអន្តរជាតិ និងអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាកដើម្បីធ្វើតេស្តដោយម៉ាស៊ីនPCR នៅតាមច្រកទ្វារចេញ-ចូលកម្ពុជា និងត្រូវធ្វើចត្តាទ្បីស័កពេញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។
៣.​ទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាទ្បីស័កនៅតាមមណ្ឌលចត្តាទ្បីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាទ្បីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនថា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរហូតដល់ជិត៨៨%នៃចំនួនប្រជាជនសរុប១៦លាននាក់រួចហើយ បច្ចុប្បន្ន កំពុងផ្តល់ជូននូវវ៉ាក់សាំងដូសជំរុញថែមទៀត និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ០៥ឆ្នាំផងដែរ។
ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍យ៉ាងរឹងមាំ ដែលអនុញ្ញាតឱ្យកម្ពុជាអាចបើកស្តារសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ ក្នុងនោះរួមមានវិស័យទេសចរណ៍ផងដែរ។
បច្ចុប្បន្ន ទេសចរផ្ទៃក្នុង បាននិងកំពុងធ្វើចលនាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ ចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមគ្រប់ច្រកទ្វារអន្តរជាតិផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក និងគ្រប់គោលដៅទេសចរណ៍ទាំងអស់៕

 




Share This