ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ឯកឧត្តមដ្ឋមន្ត្រី ថោង ខុន បានចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងការត្រៀមរៀបចំលក្ខណៈសម្បត្តិទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ-19 ពេញលេញ

(សៀមរាប)៖ នារសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៏ អមដោយប្រតិភូក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជំនាញ បានចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញចូលមកទស្សនាខេត្តសៀមរាប ។ ក្នុងនោះ លោករដ្ឋមន្ត្រីទាំងពីរបានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖
១- សម្រាប់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិនិងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ។

Share This