កម្ពុជារំពឹងពីកំណើនទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយវៀតណាម និងថៃ

(កែប)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំពីការរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ភ្ញៀវទេសចរ។
ការថ្លែងបែបនេះ របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប។
នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង។ លោកបានលើកឡើងនូវចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងបរិបទវិបត្តិសកលនេះ គឺតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាងច្រើន។
ឯកឧត្ដមបានបន្តថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិត មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។
ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងតំបន់ឆ្នេររបស់យើង ក៏មានការអភិវឌ្ឍក្នុងក្របខណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយវៀតណាម និងថៃ»។
ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានរំលឹកអំពីការពង្រឹងគុណភាពសេវា និងតម្លៃឱ្យបានសមរម្យ ព្រមជាមួយនឹងការរៀបចំពង្រឹងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តាមតំបន់ឆ្នេរឱ្យយកាន់តែល្អប្រសើរបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មី ដ៏ទាក់ទាញឱ្យបានច្រើន។
គួរជម្រាបថា កម្ពុជា វៀតណាម និងថៃបានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងបន្តថា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នៅទូទាំងសកលលោក ព្រមទាំងវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងវិបត្តិប្រេងឡើងថ្លៃផងនោះ ប្រទេសជាសមាជិកអាស៊ានមានតែខិតខំទាក់ទាញភ្ញៀវពីគ្នាទៅវិញទៅមកក្នុងតំបន់នោះទេ ពិសេសទេសចរពីប្រទេសជិតខាង ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
ដើម្បីឱ្យផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសឡើងវិញបន្ទាប់ពីពង្រឹងសុខមាលភាពក្នុងប្រទេសបានរឹងមាំ និងបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបើកទេសចរណ៍ឡើងវិញជាបណ្ដើរៗ ដែលការប្រកាសនេះត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ នេះបើតាមលោកបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ថោង ខុន។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក៏បានខិតខំជំរុញចលនាទេសចរផ្ទៃក្នុងឱ្យមានកំណើនឡើងវិញ ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ជាតិឡើងវិញ ហើយនេះក៏ជាបុរេសកម្មក្នុងការទាក់ទាញ និងត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញផងដែរ៕














Share This