ប្រវត្តិ​ទិវា​នារី​អន្តរជាតិ ៨ មីនា​

នៅ​ចុង​សតវត្ស​ទី ១៩ បច្ចេកវិជ្ជា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់ ត្រូវបាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​យ៉ាង​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករ​ឡើយ ជាហេតុ​ធ្វើឱ្យ​នារី និង​កុមារ​ទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​។​
 
​ដោយ​ការឈឺចាប់​យ៉ាង​ពុះពារ​ជាប់​ជានិច្ច​ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ នៅ​ថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ និង​ញ៉ី​វ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោកឈរឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការកៀបសង្កត់​យ៉ាង​ពេញទំហឹង ត្រូវគេ​ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។ ទោះបី​ត្រូវ​ទទួល​ការឈឺចាប់ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ កម្មការិនី​នៅតែ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដងទៀត បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្របតាម​។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំងនោះ​បាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំ​ង​មូល​។​
 
​ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែលជា ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុងពេល​នោះបាន​លេចឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នកស្រី ក្លា​រ៉ា​ស្ជេ​គ​គិ​ន ជនជាតិ​អាឡឺម៉ង់ និង រ៉ូ​ស្កា​លុម​ស្ព័​រ​បួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី គ្រូ​ប​ស្កា​យ៉ា (​ភរិយា​លោក​ឡេ​នី​ន​) បំផុស​ចលនា​បង្ខិត​បានជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។​
 
​ឆ្នាំ ១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែលមាន​ប្រទេស ១៧ ចូលរួមបាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក បានសម្រេច​យក​ថ្ងៃ ៨ មីនា “​ទិវា​នារី​អន្តរជាតិ​” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា «​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​», «​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​», «​ការពារ​សុខភាព​មាតា និង​ទារក​» ។​
 
​ចាប់តាំងពី​ថ្ងៃ​នោះមក ថ្ងៃ ៨ មីនា​បាន​ក្លាយទៅជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំ​ឮ​ក​អំពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី​។​
 
​គឺ​ដោយសារ​តែមាន​កិច្ចប្រឹងប្រែង​ដោយ​អំណត់ និង​ពុះពារ​នឹង​ការលំបាក​គ្រប់បែបយ៉ាង​ពី ១០០ ឆ្នាំ​មុននេះ ហើយ​ទើប​បច្ចុប្បន្ននេះ នារី​ក្នុង​ពិភពលោក​មានឱកាស ទទួលបាន​នូវ​សិទ្ធិ​ស្មើភាព​ក្នុងការ​បន្តុះបង្អាប់​ខ្លះៗ​ក៏ដោយ​។ លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​បាន​កាត់បន្ថយ​អស់​ជាច្រើន​នូវ​អំពើហិង្សា និង​ការរើសអើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែង​ចាត់ទុកជា​ភេទ​ទន់ខ្សោយ​នោះ​។​
 
​ជា​បន្ទាប់ ចលនា​នារី​អន្តរជាតិ បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នារី​ដែល​នៅ​សេសសល់​តាម រយៈ​ការស្នើរ​ឡើងទៅ​អង្គការសហប្រជាជាតិ​ដោយ​សន្និសីទ​នារី​ជាច្រើនលើក ច្រើនសារ​។​
​នៅ​ឆ្នាំ ១៩៧៥ សន្និសីទ​ពិភពលោក​របស់​នារី​លើក​ទី​១ បានធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ិច​ស៊ិ​ច​កូ ប្រទេស​ម៉ិច​ស៊ិ​ច ក្រោម​ប្រធានបទ «​សមភាព វឌ្ឍនភាព និង​សន្តិភាព​»​។ ផែនការ​សកម្មភាព​ដែល​បានសម្រេច​នៅពេលនោះ គេ​បាន​អំពាវនាវ​ឱ្យមាន​ការលុបបំបាត់​រា​ល់​ទម្រង់​នៃ​ការរើសអើង ប្រឆាំងនឹង​នារី​ភេទ និង​រៀបចំ​ទម្រង់ការ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អនុម័ត​អនុសញ្ញា​នេះ​។​
 
​ខែតុលា ឆ្នាំ​១៩៧៥​ដដែល អង្គការសហប្រជាជាតិ​បានប្រកាសថា​ពី​ឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជា​សតវត្ស​សម្រាប់​នារី​។​
 
​នៅ​ឆ្នាំ ១៩៨០ សន្និសីទ​ពិភពលោក​លើក​ទី​២ របស់​នារី​បាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ដើម្បី​ពិនិត្យមើល​ការរីកចម្រើន និង​ការអនុវត្ត​ផែនការ​សកម្មភាព​ដែល​កំណត់​ក្នុង​សន្និសីទ​លើក​ទី​១ និង​គ្រោងទុក​នូវ​ខ្សែ​លើក​យកមក​ពិភាក្សា គឺ​ការអប់រំ​ការងារ និង​សុខភាព​។​
 
​ឆ្នាំ ១៩៨៥ ចុងបញ្ចប់​នៃ​ទស្សវត្ស​នារី គេ​បានរៀបចំ​សន្និសីទ​លើក​ទី​៣​ម្ដងទៀត នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​សម្រេច​របស់​ទ​ស្ស​វត្ស​នារី​ព្រមទាំង​ធ្វើការ អនុម័ត​លើ​យុទ្ធវិធី​ចម្រើន​ទៅមុខ​សម្រាប់​ភាព​លូតលាស់​របស់​នារី​ក្នុង ឆ្នាំ ២០០០​។​
 
​ចុងក្រោយ​នេះ​គឺ​ឆ្នាំ ១៩៩៥ ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិ​បានរៀបចំ​សន្និសីទ​នារី​ពិភពលោក​លើក​ទី​៤ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រធានបទ​ជា​គោល​គឺ «​សមភាព វឌ្ឍនភាព និង​សន្តិភាព​» ដដែល​តែ​នៅបាន​បន្ថែម​ក្នុង​កិច្ចពិភាក្សា​នូវ​កង្វល់ ១២ យ៉ាង​របស់​នារី​ថែមទៀត​គឺ «​ភាពក្រីក្រ​, ការអប់រំ​, អំពើ​ហឹ​ង្សា​, ផលវិបាក​នៃ​ជម្លោះ​, អាវុធ​, នារី​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​, តួនាទី​នារី​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​, យន្តការ​លើកកម្ពស់​កា​រ​រីកចម្រើន​របស់​នា​រី​, សិទ្ធិនារី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​, បរិស្ថាន និង​បញ្ហា​កុមារី​។​
 
​ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ និង​របៀប​ដោះស្រាយ​របស់​នារី​ដែល​តែងតែ​អនុវត្ត​តាមបែប​សន្តិវិធី តាម​ការបញ្ចេញមតិ​តែប៉ុណ្ណោះ​។ ឯ​លទ្ធផល​ដែល​នារី​ទទួលបាន គឺ​ការ​ផ្ដល់នូវ​សិទ្ធិ​ស្មើភាព​ឱ្យបាន​គ្រប់គ្រាន់ និង​តម្លៃ​ជាម​នុស្ស ពោលគឺ​ពុំមាន​ទាមទារ​អ្វី​ឱ្យលើស​ពីនេះ​ឡើយ​។​
 
​បើ​យើង​ប្រៀបធៀប​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ៨ មីនា ទៅនឹង​កំណើត​នៃ​អង្គការសហប្រជាជាតិ ឃើញថា​ប្រវត្តិ​ទិវា​អន្តរជាតិ ៨ មិនា​មានកំណើត​មុន​អង្គការសហប្រជាជាតិ​ទៅទៀត ហើយក៏​មានកំណើត​មុន​សិទ្ធិមនុស្ស​ទៀតផង​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សព្វថ្ងៃ​នៅ​កម្ពុជា​ពិតមែនតែ​មានច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ដូចជា​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ មនុស្ស អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង នារី​ភេទ និង​រដ្ឋធម្មនុញ្ញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រង់​ជំពូក ៣ ដែល​ស្ដីពី​សិទ្ធិ​នោះ​ហើយក៏​ដោយ​ក៏​វិសមភាព​រវាង​បុរស និង​ស្ដ្រី ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ការរំលោភ​សិទ្ធិ​ស្ត្រី ហិង្សា​ក្នុង​គ្រួសារ នៅតែ​កើតមាន​ជា​បញ្ហា​។ ហេតុដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​យើង និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនធំ ខំប្រឹង​ខ្នះខ្នែង​យក​បញ្ហា​ទាំងអស់នេះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់ រូប​ទាំង​បុរស ទាំង​ស្ត្រី​ដើម្បី​ជួយ​ស្ដ្រី​ឱ្យមាន​ភាពយុត្តិធម៌​ក្នុង​ការទទួល សិទ្ធិ និង​ប្រើ​សិទ្ធិ និង​ដើម្បី​ជួយ​កាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវ​បញ្ហា​ទាំងឡាយ​ខាងលើ​ដែលមាន​ចំពោះ​ស្ត្រីភេទ​៕
 
​អត្ថបទ ក្រសួង​កិច្ចការនារី​

Share This