រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​១៥​តុលា​ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ

សារាចរ​ណែនាំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ មាន​គុណូបការៈ​ដ៏​ថ្លៃថ្លា​វិសេសវិសាល និង​ឧត្តុង្គឧត្តម​ចំពោះ​ជាតិ​មាតុភូមិ និង​មាន​កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅ​លើ​សកលលោក។

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា ដែល​ជា​ថ្ងៃ​អតីត​ព្រះ​មហាក្សត្រ​ចូល​ទិវង្គត ជា​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហើយ​មន្ត្រី​រាជការ​បាន​ឈប់​មួយ​ថ្ងៃ។

រដ្ឋាភិបាល​ធ្វើ​ការ​ណែនាំ​គ្រប់​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ក្រសួង​ស្ថាប័ន​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ត្រូវ​រៀបចំ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ១៥ តុលា ឲ្យ​បាន​ឧត្តុង្គឧត្តម សក្តិសម​នឹង​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​តាម​ទំនៀម​ទម្លាប់​ព្រ​ពៃ​ណី​ជាតិ​ខ្មែរ។

រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​ចាត់​តាំង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ ជាតិ ឯកជន អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត​របស់​សម្ដេច​ព្រះ​មហា​វីរក្សត្រ​ឲ្យ​បាន​ទូលំទូលាយ​ផង​ដែរ។

សារាចរ​រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ អន្តរជាតិ និង​រដ្ឋបាល​រាជធានី ខេត្ត ចាត់ចែង​ផ្ស​ព្វផ្សាយ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៕

Share This