រាជរដ្ឋាភិបាលនឹងរៀបចំប្លង់មេអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងទេសចរណ៍ដឹកនាំការសិក្សា អំពីការរៀបចំផែនការ មេអភិវឌ្ឍន៍ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជាឱ្យក្លាយទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា កម្ពុជាឱ្យកាន់តែច្រើន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ «គណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបានបន្តថា ការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមាន ការបង្កើតឱ្យមាន «កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ។

 

ក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតលំនៅដ្ឋានទី២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍នៅខេត្តកែបនេះផងដែរ ដើម្បីឱ្យពួកគេពន្យារពេល ក្នុងការទស្សនា និងស្នាក់នៅក្នុងរយៈពេលយូរក្នុងប្រទេសកម្ពុជា ដែលជំរុញឱ្យពួកគេមានការចំណាយច្រើន។ ជាការពិតណាស់ ថ្វីដ្បិតខេត្តកែបជាខេត្តតូចជាងគេមួយ ក៏ពិតមែន ប៉ុន្តែខេត្តនេះមានសក្ដានុពលខាងវិស័យទេសចរណ៍មួយដែរ ពិសេសគុណភាពខ្យល់សមុទ្រ កោះទន្សាយ ផ្សារក្តាម ហើយនាពេលខាងមុខនេះ ក៏អាចនឹងមាន កំពង់ផែទេសចរណ៍ អន្តរជាតិតូចមួយទៀត។

បើតាមឯកឧត្តម ថោង ខុន ក្រៅពីគម្រោងអភិវឌ្ឍន៍ខេត្តកែបទៅជា តំបន់ទេសចរណ៍ សម្រាកលំហែកម្រិតខ្ពស់ រាជរដ្ឋាភិបាល ក៏បានសម្រេចលើការសិក្សារៀបចំ «ខេត្តកំពតទៅជាតំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍» ក្នុងពេលដែលរាជរដ្ឋាភិបាលបាននិងកំពុង សាងសង់ កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ២០២០ ខាងមុខផងដែរ។

 

មួយទៀត ក៏មានគម្រោងរៀបចំខេត្តកោះកុងទៅជា «តំបន់អេកូទេសចរណ៍» ផងដែរ ខណៈខេត្តព្រះសីហនុបានក្លាយជាតំបន់ទេសចរណ៍ និងសេដ្ឋកិច្ចពហុបំណងរួចហើយ ពោលគឺខេត្តជាប់ឆ្នេរសមុទ្រទាំង៤របស់កម្ពុជានេះ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដែលផ្ដល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ៕

 

 

 





Share This